សម្លខសាច់គោ និងស្រាក្រហម ស្តាប់ទៅដូចជាស័ក្តិសមសម្រាប់ភោជនីយដ្ឋានលំដាប់ផ្កាយមីស៊្លីន ប៉ុន្តែដូចជាម្ហូបវៀតណាមដ៏ឆ្ងាញ់ៗជាច្រើនទៀត ម្ហូបនេះអាចរកបានយ៉ាងងាយស្រួលនៅលើចិញ្ចើមផ្លូវនៃទីក្រុងហាណូយ។ សម្លខដែលមានឥទ្ធិពលពីបារាំងនេះ ត្រូវបានផ្សំគ្រឿងជាមួយសម្បកឈើអែម ផ្កាចន្ទន៍ និងជីវ៉ាន់ស៊ុយ។ បេះនំបុ័ងមួយដុំ ហើយជ្រលក់វាទៅក្នុងទឹកស៊ុបដ៏ខាប់ និងមានរសជាតិឈ្ងុយឆ្ងាញ់។ អ្នកត្រូវប្រើដៃផ្ទាល់បន្តិចជាមួយ bánh mì sốt vang។ វាត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើសម្លខស្រាក្រហមឱ្យមានរសជាតិល្អឥតខ្ចោះ ដូច្នេះអ្នកធ្វើម្ហូបក្នុងគ្រួសារតែងតែធ្វើមួយឆ្នាំងធំ ហើយយកវាទៅញ៉ាំទាំងជាមួយនំបុ័ង និង phở។ ពិតណាស់ ហ្វឺ (phở) ខសាច់គោស្រាក្រហម គឺពិតជាមានការពេញនិយមណាស់។

តើភាពស្រួយកម្រិតណាទៅដែលហៅថាស្រួយពេក? គ្មាននរណាអាចប្រាប់បានឡើយ! ជាពិសេសគឺអ្នកដែលចូលចិត្ត bánh mì heo quay ដែលជានំបុ័ងសាច់ជ្រូកខ្វៃកែច្នៃចេញពី bánh mì បែបបុរាណ។ សាច់ជ្រូកខ្វៃបីជាន់ហាន់ក្រាស់ៗ ត្រូវបានញាត់ចូលទៅក្នុងនំបុ័ងដ៏ស្រួយ ជាមួយត្រសក់ និងឆាយថាវជ្រក់។ វាជាតុល្យភាពដ៏ល្អឥតខ្ចោះនៃវាយនភាពអាហារ។ ផ្លូវមួយខ្សែទាំងមូលនៅ ទីក្រុងហូជីមិញ ត្រូវបានលក់តែ bánh mì heo quay ដែលនៅទីនោះ អ្នកចូលចិត្តអាហារតម្រង់ជួររៀងរាល់ព្រឹកដើម្បីទិញអាហារពេលព្រឹកដែលពួកគេចូលចិត្ត។ គិតថាពួកយើងនិយាយបំផ្លើសមែនទេ? សាកល្បងញ៉ាំនំបុ័ងសាំងវិចនេះទៅ ហើយអ្នកប្រហែលជាត្រូវគិតសារជាថ្មី។

ការបកប្រែចំៗនៃពាក្យ bò né គឺ 'គេចសាច់គោ'។ ប៉ុន្តែវាមិនមែនជាសាច់គោដែលអ្នកចង់ជៀសវាងនោះទេ គឺសាចប្រេងក្តៅៗពីខ្ទះដែកដែលគេយកមកបម្រើជូននោះឯង។ យ៉ាងណាមិញ ប្រជាជនវៀតណាមខ្លះបានរកឃើញថា ស្ទិកកំពុងក្តៅខ្លាំង គឺជាគ្រឿងផ្សំដ៏អស្ចារ្យជាមួយ bánh mì មួយដើម។ ពងទាចៀនកំពុងពុះ ប៉ាតេ ប៉េងប៉ោះ និងជីរបន្លែបង្ការ ធ្វើឱ្យការរៀបចំម្ហូបនេះកាន់តែគួរឱ្យចង់ញ៉ាំ។ មិនបាច់និយាយក៏ដឹងដែរថា bánh mì bò né ដ៏ឆ្ងាញ់តម្រូវឱ្យអ្នកគេចចេញបន្តិចនៅពេលគេលើកមកដំបូង។ ប៉ុន្តែអ្នកនឹងរៀនគេចវាបានយ៉ាងលឿន។ នៅពេលដែលភាពឆ្ងាញ់កម្រិតនេះនៅចំពោះមុខ នរណាក៏អាចធ្វើបានដែរ។
រាល់វប្បធម៌អាហារនីមួយៗតែងតែមាននំបុ័ង និងពងទាក្នុងទម្រង់រៀងៗខ្លួន។ នៅទីក្រុងហូជីមិញ គេហៅវាថា bánh mì ốp la ដែលមានពងទាចៀនបិទភ្នែក និងនំបុ័ងក្តៅៗ។ bánh mì ốp la ជារឿយៗត្រូវបានបម្រើនៅលើខ្ទះដែកជាមួយ chả lụa ចៀន (ប៉ាតេវៀតណាមខ្ចប់ដោយស្លឹកចេក) ឬគេដាក់ពងទាចៀនផ្ទាល់ទៅក្នុងនំបុ័ងក្តៅៗ រួចបន្ថែមជ្រក់ល្ហុង និងការ៉ុត ទឹកម្ទេស និងទឹកស៊ីអ៊ីវបន្តិច។ នៅកន្លែងដូចជា Hội An bánh mì ốp la ក្លាយជា bánh mì trứng ហើយត្រូវបានញាត់ជាមួយសាលាដ ប៉េងប៉ោះ និងត្រសក់ហាន់ស្រស់ៗ។ bánh mì នេះគឺជាជម្រើសដ៏ល្អសម្រាប់អ្នកញ៉ាំអាហារបួសដែលចង់សាកល្បងអាហារសម្រន់ដ៏ល្បីល្បាញបំផុតរបស់វៀតណាម។

Bánh mì thịt គឺជាភស្តុតាងដែលបង្ហាញថា រសជាតិបែបបុរាណមិនដែលធ្វើឱ្យអ្នកខកបំណងឡើយ។ មនុស្សមួយចំនួនចូលចិត្តនំបុ័ងស្រួយ ខ្លះទៀតចូលចិត្តទន់ ប៉ុន្តែគ្រឿងផ្សំខាងក្នុងគឺជាចំណុចលេចធ្លោពិតប្រាកដនៅទីនេះ។ Bánh mì thịt ដែលមានគ្រឿងពេញលេញ រួមមានសាច់ប៉ាតេវៀតណាមច្រើនប្រភេទ សាច់ខ្វៃ ឬសាច់ជ្រូកចៀន ប៊ឺ ប៉ាតេ សាច់ជ្រូកផាត់ ការ៉ុតជ្រក់ ត្រសក់ និងជីរវ៉ាន់ស៊ុយ។ ទឹកជ្រលក់សម្ងាត់មួយមុខជួយសម្រួលរសជាតិទាំងអស់ឱ្យចូលគ្នាបានយ៉ាងល្អ។ ធ្វើដូចប្រជាជនវៀតណាម និងរីករាយជាមួយ bánh mì thịt របស់អ្នក រួមជាមួយ bạc xỉu (កាហ្វេទឹកដោះគោទឹកកក) មួយកែវនៅតាមចិញ្ចើមផ្លូវ។ វាជាបទពិសោធន៍ដែលមិនអាចរំលងបាននៅក្នុងប្រទេសវៀតណាម។

ប្រហិតត្រី ដែលមានប្រភពដើមមកពីទីក្រុងជាប់មាត់សមុទ្រ Nha Trang ក៏ត្រូវបានគេយកមកធ្វើជាគ្រឿងផ្សំរបស់ bánh mì ផងដែរ។ ប្រហិតត្រីដែលល្អបំផុតមានលក្ខណៈពិសេសត្រង់ភាពស្វិត និងការរួមបញ្ចូលគ្នានៃរសជាតិឆ្ងាញ់ (umami) ពីត្រីច្រើនប្រភេទ និងរសជាតិហឹរនៃម្រេចខ្មៅ។ ប្រហិតទាំងនេះត្រូវបានចៀន រួចដាក់ពីលើដោយជីរវៀតណាមដែលមានក្លិនឈ្ងុយ ហើយជួនកាលមានបន្ទះត្រសក់ស្រួយ ឬទឹកស៊ីអ៊ីវខ្ទឹមស និងម្ទេស។ រសជាតិដ៏គួរឱ្យរំភើបទាំងនេះដែលផ្ទុះឡើងក្នុងការញ៉ាំរាល់ម៉ាត់ បានធ្វើឱ្យនំបុ័ងសាំងវិច bánh mì នេះទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនភាគខាងត្បូង។
ប្រជាជនវៀតណាមជាច្រើនបានធំធាត់ឡើងជាមួយកំប៉ុងទឹកដោះគោខាប់នៅក្នុងទូផ្ទះបាយ។ គ្រឿងផ្សំដ៏ផ្អែមឆ្ងាញ់នេះ ត្រូវបានប្រើប្រាស់នៅក្នុងអាហារសម្រន់ដ៏អស្ចារ្យជាច្រើន។ Bánh mì chấm sữa ឬនំបុ័ងជ្រលក់ជាមួយទឹកដោះគោខាប់ផ្អែម គឺជាអាហារសម្រន់ដ៏សាមញ្ញដែលនៅតែពេញនិយមឆ្លងកាត់ពេលវេលាដ៏យូរ។ ហេតុអ្វី? ព្រោះនំបុ័ងទន់ៗដែលស្រូបទឹកដោះគោក្តៅឧណ្ហៗ និងឈ្ងុយឆ្ងាញ់ ផ្តល់នូវអារម្មណ៍កក់ក្តៅបំផុត! អាហារសម្រន់ដ៏ពេញនិយមនេះនាំមកនូវការចងចាំពីសម័យកាលដ៏សាមញ្ញ កាលដែលអាហារដែលមានកាឡូរីខ្ពស់បែបនេះនាំមកនូវតែភាពរីករាយប៉ុណ្ណោះ។