បន្ទប់ទាំងអស់នៅ Vinpearl Luxury Landmark 81 សុទ្ធតែមានសិល្បៈជញ្ជាំងពីបាតរហូតដល់ពិដានដ៏ពិសេសមួយដូចៗគ្នា។ នោះគឺទិដ្ឋភាពផ្ទៃមេឃបែប panoramic នៃទីក្រុងហូជីមិញ។ អគារកប់ពពកខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះ ជាទីតាំងនៃសណ្ឋាគារដ៏ទំនើបបំផុត ដែលអនុញ្ញាតឱ្យមើលឃើញទន្លេសៃហ្គនដ៏កោងកាច់បត់បែនជាប់ជានិច្ច។ ខាងក្រោមនេះ គឺជាបទពិសោធន៍នៃការចូលស្នាក់នៅសណ្ឋាគារដែលខ្ពស់ជាងគេបំផុតនៅក្នុងតំបន់នេះ។ 


ចំណាប់អារម្មណ៍ដំបូង  

vinpearl landmark 81

ពេលមកដល់ Vinpearl Luxury Landmark 81 អ្នកនឹងត្រូវបានស្វាគមន៍ដោយការឡើងជណ្តើរយន្តទៅកាន់កន្លែងទទួលភ្ញៀវរបស់ខ្លួននៅលើជាន់ទី 48។ សម្ពាធខ្យល់បន្តិចបន្តួចនៅក្នុងត្រចៀករបស់អ្នក គឺជាសញ្ញាបង្ហាញដំបូងបង្អស់នៃទីតាំងដ៏អស្ចារ្យខុសពីគេរបស់សណ្ឋាគារនេះ។ ក្រេបភេសជ្ជៈស្វាគមន៍ដ៏ស្រស់ស្រាយ ជាមួយនឹងទិដ្ឋភាពសួនច្បារកណ្តាល និងកំពង់ផែទូកកម្សាន្តនៅខាងក្រោម។ នៅថ្ងៃចុងសប្តាហ៍ ខ្លែងចម្រុះពណ៌ដែលហោះហើរពីលើវាលស្មៅពណ៌បៃតង និងទូកក្តោងពណ៌សនៅលើផ្ទៃទឹក បង្កើតបានជាផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយ។ ត្រៀមខ្លួនស៊ាំនឹងទិដ្ឋភាពដ៏អស្ចារ្យនេះទៅ ព្រោះវានឹងក្លាយជាផ្ទៃខាងក្រោយសម្រាប់ផ្ទះរបស់អ្នកនៅក្នុងទីក្រុងហូជីមិញសម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ 


បន្ទប់ស្នាក់នៅលើមេឃ  

vinpearl landmark 81

ការជ្រើសរើសបន្ទប់នៅ Landmark 81 គឺមានភាពងាយស្រួលណាស់។ អ្នកត្រូវបានធានាថានឹងទទួលបានទិដ្ឋភាពទីក្រុងដ៏អស្ចារ្យ មិនថាអ្នកស្នាក់នៅក្នុងបន្ទប់ណាក៏ដោយ។ ក្នុងចំណោមបន្ទប់ជាង 200 ដែលលាតសន្ធឹងលើ 20 ជាន់ បន្ទប់ខ្លះត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តទស្សនាថ្ងៃលិច ខណៈបន្ទប់ខ្លះទៀតធានានូវទិដ្ឋភាពថ្ងៃរះដ៏ស្រស់បំព្រងរៀងរាល់ព្រឹក។ គ្រឿងសង្ហារិមរចនាតាមការកម្មង់ដ៏ប្រណីត និងកម្រាលថ្មម៉ាបអាចផ្តល់នូវភាពភ្ញាក់ផ្អើលជាដំបូង ប៉ុន្តែភ្លាមៗនៅពេលដែលអ្នកគេងទៅលើគ្រែដ៏ទន់ល្មើយ អ្នកនឹងដឹងថាភាពសុខស្រួលគឺជាអ្វីដែល Vinpearl យកចិត្តទុកដាក់បំផុត។ មុនពេលចូលគេង ចូរត្រាំទឹកក្តៅឧណ្ហៗ រោយអំបិលត្រាំទឹកផ្កាឡាវេនឌឺធ្វើដោយដៃ ដើម្បីសម្រាកកាយយ៉ាងស្កប់ស្កល់ ហើយអ្នកនឹងមិននិយាយថាខ្លួនឯងជាមនុស្សពិបាកគេងលក់ទៀតឡើយ។


ការទទួលទានអាហារនៅ Oriental Pearl 

Vinpearl Landmark 81

នៅពេលព្រឹក សូមទុកពេលខ្លះដើម្បីរីករាយជាមួយអាហារប៊ូហ្វេពេលព្រឹកនៅ Oriental Pearl។ ភោជនីយដ្ឋាននេះស្ថិតនៅលើជាន់ទី 66 ដែលផ្តល់នូវទិដ្ឋភាព 360 ដឺក្រេនៃទីក្រុងហូជីមិញ។ ដើរមើលតាមបញ្ជរអាហារនានា ហើយជ្រើសរើសឈីស និងសាច់ត្រជាក់ដាក់ចានរបស់អ្នក កុម្ម៉ង់ស៊ុតចម្អិនតាមបែបទំនើប ឬញ៉ាំសាឡាត់ពីបញ្ជរសាឡាត់ដ៏ច្នៃប្រឌិត។ ពេលដល់ម៉ោងអាហារពេលល្ងាច សូមកុម្ម៉ង់គុយទាវហ្វឺ 'Landmark Pho' ដ៏ល្បីប្រចាំហាង ហើយសាកល្បងមើលថាតើគុយទាវហ្វឺបែបប្រពៃណីនេះត្រូវបានលើកកម្រិតយ៉ាងណាជាមួយនឹងកន្ទុយគោអូស្ត្រាលី និងសាច់គោ Wagyu លំដាប់កំពូល។ បន្ថែមក្រូចឆ្មារបន្តិច បន្លែស្រស់ៗ កាន់ចង្កឹះរបស់អ្នក ហើយចាប់ផ្តើមរីករាយជាមួយវាទៅ! 


ការកម្សាន្ត ការលំហែកាយ និងអ្វីៗជាច្រើនទៀត

Vinpearl Landmark 81

បន្ទាប់ពីដើរកម្សាន្តពេញមួយថ្ងៃនៅក្នុងទីក្រុងហូជីមិញ សូមកក់វគ្គព្យាបាលដោយប្រើឫស្សីនៅ Akoya Spa ឬទៅហែលទឹកពេលល្ងាចនៅអាងហែលទឹកលើជាន់ទី 47។ នៅសងខាងផ្លូវ គឺជាសួនច្បារមាត់ទន្លេដ៏ខៀវស្រងាត់ ដែលកុមារតូចៗអាចចំណាយពេលរាប់ម៉ោងនៅកន្លែងលេងកម្សាន្ត សួនច្បារបែបជប៉ុន និងស្រះត្រី Koi។ ភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារក៏ទទួលបានការបញ្ចុះតម្លៃផងដែរ នៅពេលទៅទស្សនា SkyView Observation Deck ដែលជាចំណុចទស្សនាខ្ពស់បំផុតរបស់ប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍។ 

ណែនាំ៖ ប្រសិនបើអ្នកមកស្នាក់នៅទីនេះចំពេលចូលឆ្នាំសកល អ្នកនឹងទទួលបានការកម្សាន្តដ៏ពិសេសមួយ៖ ផ្ទៃមេឃនឹងត្រូវបំភ្លឺដោយកាំជ្រួចដ៏ស្រស់ស្អាតនៅចំពីមុខអ្នកតែម្តង។ អ្នកថែមទាំងអាចរីករាយនឹងការទស្សនានេះពីក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់អ្នកយ៉ាងមានឯកជនភាពទៀតផង។


ការគយគន់ថ្ងៃលិច 

vinpearl landmark 81

សម្រាប់ការគយគន់ថ្ងៃលិច Landmark 81 មិនខ្វះកន្លែងដ៏អស្ចារ្យនោះទេ។ Far East Lounge មានវេរ៉ង់ដាដ៏មានផាសុកភាព ដែលអ្នកអាចរាំរែកតាមតន្ត្រី និងចែករំលែកបទពិសោធន៍ផ្សងព្រេងនៅវៀតណាមរបស់អ្នកជាមួយមិត្តភក្តិ។ Blu Pearl Bar មានបម្រើស្រាក្រឡុកមាត់អាងដ៏ឈ្ងុយឆ្ងាញ់។ រៀងរាល់ថ្ងៃ ក្នុងរយៈពេលខ្លីប្រហែលបីនាទី ព្រះអាទិត្យនឹងឡើងពណ៌ក្រហមឆ្អៅ និងមានរាងមូលក្រឡង់ មុនពេលបាត់ខ្លួនទៅក្នុងជើងមេឃ។ សូមប្រាកដថាអ្នកមានភេសជ្ជៈនៅក្នុងដៃ ខណៈពេលកំពុងគយគន់ទិដ្ឋភាពដ៏អស្ចារ្យពីអគារកប់ពពកដ៏ល្បីល្បាញនេះ។ 


ចូលមើលគេហទំព័រផ្លូវការរបស់ Vinpearl Luxury Landmark 81 នៅទីនេះ