Tet Nguyen Dan (ពិធីបុណ្យនៃព្រឹកព្រលឹមដំបូងនៃថ្ងៃដំបូង) អាចជាឈ្មោះផ្លូវការសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ប៉ុន្តែនៅពេលនៅក្នុងប្រទេសវៀតណាម អ្វីទាំងអស់ដែលអ្នកត្រូវដឹងគឺ៖ Tet។
ពិធីបុណ្យតេត ដែលច្រើនតែត្រូវចំចុងខែមករា ឬដើមខែកុម្ភៈ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតនៅលើប្រតិទិនវៀតណាម ព្រោះវាជាថ្ងៃសម្រាប់ការជួបជុំគ្នា សេចក្តីសង្ឃឹម និងសំណាងល្អ។
ចំណូលចិត្តរបស់ជនជាតិវៀតណាមក្នុងការជប់លៀងត្រូវបានបង្ហាញយ៉ាងពេញលេញក្នុងអំឡុងពេលបុណ្យតេត ហើយការរាប់ថយក្រោយទៅកាន់ពាក់កណ្តាលអធ្រាត្រជាទូទៅចាប់ផ្តើមមួយសប្តាហ៍មុន។
ពិធីបុណ្យតេតត្រូវបានជ្រួតជ្រាបទៅដោយភាពអធិកអធម ការដឹងគុណចំពោះឪពុកម្តាយ និងជំនឿអរូបិយមួយចំនួន។ ក្នុងការរៀបចំសម្រាប់ឆ្នាំថ្មី ក្រុមគ្រួសារនីមួយៗនាំគ្នាសម្អាតផ្ទះសម្បែងរបស់ពួកគេពីលើដល់ក្រោម។ វាដូចជាការសម្អាតនិទាឃរដូវតាមបែបពិធីសាសនា ប៉ុន្តែមានភាពហ្មត់ចត់និងរៀបរយដែលមិនសូវមានឃើញនៅលោកខាងលិចឡើយ។ មិនត្រឹមតែផ្ទះសម្បែងត្រូវបានរៀបចំឱ្យមានរបៀបរៀបរយប៉ុណ្ណោះទេ មនុស្សម្នាក៏សម្អាតខ្លួនប្រាណ (កាត់សក់ ស្លៀកពាក់ខោអាវថ្មី) ហើយបំណុលដែលនៅសេសសល់ត្រូវបានសង - អាចនិយាយបានថារាល់រឿងមិនល្អត្រូវបានលុបលាងអស់។
រុក្ខជាតិ ដើមឈើ និងផ្កាលម្អមាននៅគ្រប់ទីកន្លែង។ ផ្កា peach ផ្កា apricot និងផ្កា plum - រួមទាំងដើមឃ្វិតដែលមានផ្លែពណ៌ទឹកក្រូចទុំ។ ផ្ទះសម្បែង និងខាងមុខហាងនានាត្រូវបានលម្អយ៉ាងស្រស់បំព្រងដោយផ្កា chrysanthemum ផ្កាស្បៃរឿង និងផ្កា daffodils ពណ៌ស។
កាលពីមុន ជនជាតិវៀតណាមបានដាក់បង្ហាញ cay neu ដែលជាបង្គោលឫស្សីវែងមួយដែលត្រូវបានបកស្លឹកចេញ និងច្រើនតែរុំដោយពណ៌ក្រហម (ពណ៌ក្រហមជាសញ្ញានៃសំណាងល្អ) នៅផ្ទះអំឡុងពេលបុណ្យតេត។ Cay neu ត្រូវបានតុបតែងដោយទង់ជាតិ និងគ្រឿងលម្អផ្សេងៗ ដើម្បីការពារវិញ្ញាណអាក្រក់ និងបណ្តេញសំណាងមិនល្អដែលនៅសេសសល់ពីឆ្នាំមុន។ Cay neu គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលការដកវាចេញបញ្ជាក់ពីការបញ្ចប់នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដ៏យូរនេះ។ ពិធីនេះនៅតែត្រូវបានរក្សាទុក និងសម្តែងឡើងវិញនៅក្នុងពិធីបុណ្យប្រពៃណីនានានៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។
ប្រសិនបើអ្នកមកលេងប្រទេសវៀតណាមក្នុងអំឡុងពេលបុណ្យតេត អ្នកនឹងឃើញភាពអ៊ូអរ និងសេចក្តីរីករាយនៅលើដងផ្លូវ។ ថ្ងៃឈប់សម្រាកនេះមានសភាពដូចជាក្បួនដង្ហែរយ៉ាងរស់រវើក មិនថាអ្នកនៅក្នុងទីក្រុង ឬនៅជនបទនោះទេ។ បុណ្យតេតផ្តល់ថាមពល និងការបំផុសគំនិតដល់ប្រជាជនវៀតណាម ហើយបរិយាកាសរីករាយ និងភាពអធិកអធមត្រូវបានបង្ហាញជាច្រើនថ្ងៃមុនចូលឆ្នាំថ្មីមកដល់។
សម្រាប់ប្រជាជនវៀតណាមភាគច្រើន ពិធីបុណ្យតេត គឺជាឱកាសសម្រាប់ការជួបជុំក្រុមគ្រួសារ (អាជីវកម្មជាច្រើនបិទទ្វារពេញមួយសប្តាហ៍ ខណៈពេលដែលមនុស្សម្នាត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ)។ គ្រប់ផ្ទះទាំងអស់សុទ្ធតែមានអាសនៈសម្រាប់គោរពបូជាបុព្វបុរស ហើយក្រុមគ្រួសារនានានាំគ្នាទៅផ្នូររបស់មនុស្សជាទីស្រឡាញ់ដែលបានចែកឋានទៅ ដោយយកផ្កា ធូប និងគ្រឿងដង្វាយផ្សេងៗទៅជាមួយ។
ថ្ងៃដំបូងនៃបុណ្យតេត គឺទុកសម្រាប់សមាជិកគ្រួសារជិតស្និទ្ធ។ វាជាថ្ងៃដែលចាស់ទុំទទួលបានការគោរពខ្ពស់បំផុត ហើយក្មេងៗទទួលបានស្រោមសំបុត្រដែលមាន "លុយនាំសំណាង"។ ថ្ងៃទីមួយក៏រួមបញ្ចូលនូវពិធីមួយដែលមានសារៈសំខាន់ខ្លាំងផងដែរ។ គេនិយាយថា មនុស្សដំបូងគេដែលចូលផ្ទះនៅថ្ងៃចូលឆ្នាំថ្មី តំណាងឱ្យរបៀបដែលឆ្នាំនោះទាំងមូលនឹងប្រព្រឹត្តទៅ។ ដើម្បីចៀសវាងការភ្ញាក់ផ្អើលដែលមិនបានរំពឹងទុក សមាជិកគ្រួសារដែលមានកិត្តិយស ឬទទួលបានជោគជ័យ ច្រើនតែត្រូវបានអញ្ជើញឱ្យមកលេងមុនគេបង្អស់។ និយាយឱ្យចំទៅ មនុស្សមិនដើរចូលលេងផ្ទះគេផ្តេសផ្តាសទេនៅថ្ងៃដំបូងនៃបុណ្យតេត — ព្រោះវាមានឥទ្ធិពលខ្លាំងណាស់! ហើយនិយាយអំពីជំនឿអរូបិយ ទោះបីជាការសម្អាតផ្ទះឱ្យបានស្អាតល្អមុនបុណ្យតេតជាកាតព្វកិច្ចក៏ដោយ ក៏អ្នកនឹងមិនឃើញមានការប្រើប្រាស់អំបោសបោសផ្ទះក្នុងអំឡុងពេលថ្ងៃបុណ្យផ្ទាល់ឡើយ — ព្រោះគេត្រូវចៀសវាងហានិភ័យនៃការបោសសំណាងល្អចេញពីផ្ទះ។
នៅថ្ងៃទីពីរ ជាទូទៅមនុស្សម្នានាំគ្នាធ្វើដំណើរទៅសួរសុខទុក្ខមិត្តភក្តិ និងសាច់ញាតិ — ដែលជាការដើរលេងកម្សាន្តពីផ្ទះមួយទៅផ្ទះមួយ ពីប្លុកមួយទៅប្លុកមួយ និងទូទាំងសហគមន៍។
ថ្ងៃទីបីគឺសម្រាប់គ្រូបង្រៀន (ដែលជាបុគ្គលទទួលបានការគោរពយ៉ាងខ្ពង់ខ្ពស់)។ គេតែងតែឃើញមិត្តរួមថ្នាក់ប្រមូលផ្តុំគ្នាទៅសួរសុខទុក្ខលោកគ្រូអ្នកគ្រូរបស់ពួកគេ ដោយនាំយកកាដូជាផ្លែឈើ និងផ្កាទៅជាមួយ។
ដងផ្លូវនានាមានភាពរស់រវើក មិនត្រឹមតែមានប្រជាពលរដ្ឋចូលរួមអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្កាចម្រុះពណ៌ គោមលម្អ របាំម៉ុងសាយនិងនាគ គង ស្គរ និងកណ្ដឹងផងដែរ។ ក្បួនដង្ហែក៏ដូចជាការបង្ហាញកាំជ្រួចនៅពេលយប់ គឺតែងតែមានជារឿយៗ។
ប្រសិនបើអ្នកស្ថិតនៅក្នុងទីក្រុងធំៗណាមួយអំឡុងពេលបុណ្យតេត (ហានូយ ហូជីមិញ ដាណាំង និងក្រុងផ្សេងទៀត) មានព្រឹត្តិការណ៍ដែលគេរៀបចំជាច្រើនកំពុងប្រព្រឹត្តទៅពេញមួយថ្ងៃឈប់សម្រាកបុណ្យតេតដ៏វែងនេះ។ អាហារគឺជាផ្នែកមួយដ៏សំខាន់នៃភាពអធិកអធមនៃបុណ្យតេត។ មុខម្ហូបខ្លះគឺធ្វើឡើងសម្រាប់តែថ្ងៃឈប់សម្រាកនេះប៉ុណ្ណោះ។ ប្រហែលជាល្បីល្បាញបំផុតនោះគឺ Banh chung (នំអន្សមជ្រុង) និង Banh tet (នំអន្សមមូលទ្រវែង)។ ធ្វើឡើងពីអង្ករដំណើប សណ្តែកខៀវ និងសាច់ជ្រូក (រួមជាមួយគ្រឿងផ្សំផ្សេងទៀតដែលបន្ថែមទៅតាមរូបមន្តគ្រួសារនីមួយៗ) នំនេះត្រូវបានរុំដោយស្លឹកចេក រួចស្ងោររយៈពេលច្រើនម៉ោង។
Thit kho hot vit (ខសាច់ជ្រូកជាមួយពងទា) – មុខម្ហូបដ៏ពេញនិយមប្រចាំភាគខាងត្បូង ត្រូវបានរំងាស់យឺតៗក្នុងទឹកដូង និងទឹកត្រី ហើយត្រូវបានទទួលទានជាលក្ខណៈស៊ុបខដ៏កក់ក្តៅ។
Cu kieu (ជ្រក់មើមខ្ទឹម) ត្រូវបានត្រាំក្នុងទឹកជ្រលក់ជូរអែម។ មើមខ្ទឹមជ្រក់ទាំងនេះត្រូវបានទទួលទានជាមួយ Tom kho (បង្គាក្រៀម)។ Cu kieu គឺជាម្ហូបបន្ទាប់បន្សំដ៏ពេញនិយមក្នុងអំឡុងពេលជប់លៀងបុណ្យតេត។
Xoi gac (បាយដំណើប) គឺជាម្ហូបមួយមុខដែលមានបរិយាកាសនៃថ្ងៃឈប់សម្រាក! បាយពណ៌ក្រហម (ពណ៌ក្រហមតំណាងឱ្យសំណាងល្អ) មានច្រើនប្រភេទ ដែលរួមមានសណ្តែកដី ឬសណ្តែកបាយ ឬផ្លែឈើចម្រុះ។
ដោយសារតែពិធីបុណ្យចូលឆ្នាំតេតនាំមនុស្សមកជួបជុំគ្នា ជារឿយៗសម្រាប់ការសួរសុខទុក្ខយ៉ាងរហ័ស អាហារសម្រន់តែងតែមានជានិច្ច។ ក្នុងចំណោមអាហារដែលពេញនិយមបំផុតគឺ Mứt ដែលជាដំណាប់ផ្លែឈើ។ អ្នកនឹងឃើញមានខ្ញី ដូង ល្ពៅប៊ឺណាត់ស្ងួត អំពិល ការ៉ុត ល្ពៅ ផ្លែស្ពឺ ម្នាស់ និងច្រើនទៀត។
អាហារសម្រន់ដ៏ឆ្ងាញ់មួយទៀតដែលមាននៅស្ទើរតែគ្រប់ផ្ទះគឺ Hat dua (គ្រាប់ឪឡឹក)។ ដូចជា Xoi gac ដែរ គ្រាប់ឪឡឹកមានពណ៌ក្រហម ហើយត្រូវបានចាត់ទុកថាជាសញ្ញានៃលាភសំណាង។
Keo me xung គឺជានំស្រួយ/ស្ករគ្រាប់ដែលធ្វើពីគ្រាប់ល្ង ឬសណ្តែកដី (ម្សៅសណ្តែក និងស្ករ) ហើយរុំដោយស្រទាប់នំក្រៀបដុត។ នំតូចៗល្មមម៉ាត់ទាំងនេះ គឺពេញនិយមញ៉ាំជាមួយតែបៃតង។
ការទទួលបានបទពិសោធន៍បុណ្យតេត គឺបានឃើញប្រជាជនវៀតណាមក្នុងភាពរួសរាយរាក់ទាក់បំផុតរបស់ពួកគេ។ បុណ្យតេតគឺជាការប្រារព្ធពិធីនៃសេចក្តីរីករាយជាបន្តបន្ទាប់ - អ្នកមិនអាចទប់ចិត្តមិនឱ្យរំភើបទៅតាមភាពសប្បាយរីករាយនោះឡើយ៖ Chuc mung nam moi (សួស្តីឆ្នាំថ្មី)…